ក្រុមហ៊ុន​កូកា-កូឡា​កម្ពុជា ផ្តល់​ប្រព័ន្ធ​ស្រោច​ស្រព​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ជូន​ក្រសួង​បរិស្ថាន​ សម្រាប់​ថ្នាល​បណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពល​ពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា»។ ប្រព័ន្ធស្រោចស្រព​នេះមានសមត្ថភាពស្រោចស្រពកូនឈើ បានជាងមួយលានដើមក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដើមឈើរបស់សាធារណជន ក៏ដូចជាលើកស្ទួយឲ្យកម្ពុជាបង្កើនគម្របបៃតងកាន់តែច្រើនផងដែរ។
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ គឺជាថ្នាលដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ការបង្កើតថ្នាលបណ្តុះកូនឈើនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានគោលបំណងលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការថែទាំ និងការការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីជួយឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនដែលមានគម្របព្រៃឈើ ៦០ ភាគរយត្រឹមឆ្នាំ ២០៥០។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងនៅឯទីស្តីការក្រសួងបរិស្ថាន ដោយមានសក្ខីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ចូសេប ហូ​  អគ្គនាយកប្រតិបត្តិ​ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា)។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលផ្ដល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះ ដែលនឹងរួមចំណែកជួយដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅជួយឲ្យកម្ពុជាអាចបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអព្យាក្រឹតកាបូន»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

លោក ចូសេប ហូ​  អគ្គនាយកប្រតិបត្តិ​ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនកូកា-កូឡាកម្ពុជាយើងខ្ញុំ សូមធ្វើការកោតសរសើរដល់ការដឹកនាំរបស់ក្រសួងបរិស្ថាន ដែលបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបង្អស់នេះឡើង។ ការផ្ដល់ប្រព័ន្ធស្រោចស្រពជូនក្រសួងបរិស្ថាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការចូលរួមការពារភពផែនដីរបស់យើង។ ក្រុមហ៊ុនយើងខ្ញុំបាននិងកំពុងខិតខំប្រឹងប្រែងចូលរួមកាត់បន្ថយ​ការបំភាយឧស្ម័នកាបូនិក (CO2) ពីប្រតិបត្តិការ និងខ្សែច្រវ៉ាក់តម្លៃរបស់យើង ដែលជាសកម្មភាពមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ក្រុមហ៊ុនមេរបស់យើងគឺ ស្វាយអឺ កូកា-កូឡា លីមីធីត។ គំនិតផ្តួចផ្តើមនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូលចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងខ្ញុំមានកិត្តិយស ដែលមានឱកាសធ្វើការសហការជាដៃគូយូរអង្វែងជាមួយក្រសួងបរិស្ថាន និងអាចរួមចំណែក​ធ្វើឲ្យកម្ពុជាកាន់តែមានភាពបៃតង និងជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។»

ស្រដៀងគ្នាដែរ​ កាល​ពីដើម​ឆ្នាំ២០២៣ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាន​ប្រគល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ​សម្រាប់ថ្នាល​បណ្តុះកូន​ឈើ​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​ខេត្ត​កំពង់ស្ពឺ និងនៅឆ្នាំ២០២១ ក្រុមហ៊ុនបានផ្ដល់ប្រព័ន្ធអណ្តូងទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ មួយឈុតសម្រាប់ទីតាំងថ្នាលបណ្តុះកូនឈើរបស់អាជ្ញាធរអប្សរា ក្នុងខេត្តសៀមរាប។

ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងបរិស្ថានរបស់ក្រសួងបរិស្ថាន សូមចូលទៅកាន់ www.moe.com.kh។ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងចីរភាពរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់យើង

More to enjoy