វត្តមានប៉មចម្រោះទឹកស្អាតAquatowerក្នុងខេត្តព្រះសីហនុ

ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា ​កូកា-កូឡា សហការយ៉ាងស្អិតរមួតក្នុងគម្រោង «ប្រើប្រាស់ទឹកស្អាត  បន្ទប់ទឹកស្អាត  សាលារៀនគំរូ  ដែលហៅជាភាសាបរទេសថា AuquaTower-AquaSan &​ Clean School’s Toilet»  ដែលមានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាសហគមកម្ពុជា  ដោយយើងគួរតែចាប់ផ្តើមពីការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព  និងបន្ទប់ទឹកស្អាតក្នុងសាលារៀន។ ពិធីនេះបានធ្វើឡើងនៅ​ក្នុងបរិវេណវិទ្យាល័យក្រុងព្រះសីហនុ ​នៃ​ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ ដែលអាច​ផ្តល់​នូវទឹក​ស្អាតសម្រាប់ទទួលទាន​ ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ​​ជាង ១០០០ ​នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។

ឯកឧត្តម​ ជួប​ ប៉ារីស៍​ អគ្គនាយកចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ នៃក្រសួងបរិស្ថាន

នៅក្នុង​ពិធីសម្ពោធនេះ មាន​ការ​ចូលរួមជាអធិបតីពី ឯកឧត្តម​ ជួប​ ប៉ារីស៍​ អគ្គនាយកចំណេះដឹង​ និងព័ត៌មានបរិស្ថាន ​និង លោករស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសនៃ​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។ លោករស់ សោភា បាន​មាន​ប្រសាសន៍ថា «គម្រោងនេះ  គឺជាផ្នែកមួយនៃចក្ខុវិស័យអាទិភាពជាសកលរបស់កូកា-កូឡា  ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship»  ដែលមានឆន្ទៈព្រមជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលដៅចម្បង ៣ គឺ  សន្សំសំចៃទឹកក្នុងផលិតកម្ម  ធ្វើប្រព្រឹត្តកម្មចម្រោះទឹកសំណល់មុននឹងបង្ហូរបញ្ចេញទៅស្ទឹងបឹងបួរ  និងប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញ នូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ  ដែលស្មើនឹងចំនួនតំណក់ទឹកដែលយើងបានប្រើប្រាស់ក្នុងការផលិតផលិត ផលភេសជ្ជៈរបស់យើង។»

លោករស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសនៃ​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

លោក ​ រស់​ សោភា បាន​បន្តទៀតថា​ «ក្រុមហ៊ុន កូកា-កូឡា មាន​មោទនភាព​ដែលបានចូលរួម​ចំណែក​ក្នុងការបង្កើតគម្រោង​ដ៏​មាន​សារៈ​សំខាន់​មួយ​នេះ ដែលបានកំពុងតែ​នាំ​យក ទឹកស្អាត  បន្ទប់ទឹកស្អាត  មក​កាន់​សាលារៀន និង​សហគមន៍​ជា​ច្រើននៅ​ទូទាំងពិ​ភពលោក»។

សូមជម្រាបថា នេះ​គឺជាប៉មចម្រោះទឹកទី ២៥ បើគិតចាប់តាំងពីឆ្នាំ២០១៦  ដែលបានដំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា  ក្រោមកិច្ចសហការជាមួយអង្គការPlanet Water និងដៃគូនានា។  ប៉បចម្រោះទឹកនីមួយៗ  អាចផ្គត់ផ្គង់ទឹកស្អាតបានជាង ១០០០ លីត្រ ក្នុងមួយម៉ោង ដែលបំពាក់ដោយប្រព័ន្ធចម្រោះ Ultra-Filtration technology របស់សហរដ្ឋអាមេរិក និងផ្គុំដោយក្បាលរ៉ូបីណេទឹកចំនួន៦  ប្រព័ន្ធអនាម័យសាប៊ូលាងដៃចំនួន ៣  ក៏ដូចជាម៉ាស៊ីនបាញ់ជម្រះបន្ទប់ទឹកហៅថា AquaSan ដើរដោយបន្ទះសូឡា  ដែលនឹងជួយសម្រួលដល់សិស្សានុសិស្សក្នុងការសំអាតបន្ទប់ទឹក  ស្របតាមគោលដៅរបស់សាលា  ដើម្បីអនុវត្តបន្ទប់ស្អាត  សាលារៀនគំរូ។  អង្គការមូលនិធិ Planet Water នឹងធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ រាប់ចាប់ពីថ្ងៃដំឡើង   ដោយផ្តោតទៅលើការត្រួតពិនិត្យគុណភាព  សុវត្ថិភាពទឹក ។

ក្រុមការងារនឹងបន្តតម្លើងប៉មចម្រោះទឹកស្អាតចំនួន ៦ទៀត​ នៅទូទាំង​ប្រទេសកម្ពុជា ក្នុង​ឆ្នាំ ២០២០នេះ  ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុង​ឆ្នាំបន្តបន្ទាប់ទៀត។ គិតមកត្រឹមថ្ងៃនេះ ក្រុមហ៊ុនបានផ្តល់ទឹកស្អាតដល់សហគមន៏តាមរយៈគម្រោងនេះ បរិមាណទឹកស្មើរនឹង ៨៨ លាន លីត្រ ដល់ប្រជាសហគមប្រមាណជាង ៦៩ ៨៣៧ នាក់ (ប្រាំមួយម៉ឺនប្រាំបួនពាន់ប្រាំបីរយសាមសិបប្រាំពីរ) រួមទាំងសិស្សានុសិស្ស អ្នកគ្រូលោកគ្រូផងដែរ។ តួលេខ​នេះ ​ត្រូវ​បាន​រំពឹង​ថា នឹង​​កើន​ឡើងបន្ថែមទៀត​ក្នុង​ឆ្នាំ​នេះ  តាមរយៈការ​ដំឡើង​ប៉មចម្រោះ​ទឹកស្អាត​ចំនួន ៦បន្ថែម​​ទៀតក្នុង​ឆ្នាំ ២០២០នេះ។

 

More to enjoy