ការលើកកម្ពស់សិទ្ធិអំណាចស្ត្រីលើផ្នែកសេដ្ឋកិច្ច – អាជីវកលក់ដូរតាមដងផ្លូវក្នុងខេត្តកំពង់ធំ

តាមរយៈកិច្ចសហការដ៏ស្អិតរមួតជាមួយក្រសួងទេសចរណ៍ យើងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តវិធានសុវត្ថិភាព អនាម័យចំណីអាហារ និងបដិសណ្ឋារកិច្ច»​ ដល់អាជីវកលក់ដូរតាមដងផ្លូវក្នុងខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍​ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ប្រាក់ សុខុម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។​

វគ្គបណ្តុះបណ្តាលនេះ  ត្រូវបានសម្រិតសម្រាងឡើង  មិនត្រឹមតែក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីវិធានសុវត្ថិភាព អនាម័យ និងសេវាកម្មចំណីអាហារ  ក្នុងអំឡុងពេលដ៏លំបាកដែលបង្កដោយវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ  តែក៏ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពសហគ្រិនភាពជាស្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជាកិច្ចចូលរួមជំរុញចរន្តទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងទទួលរងផលប៉ះពាល់ពីកូវីដ-១៩។  វគ្គបណ្តុះបណ្តាលនេះមានរយៈពេលកន្លះថ្ងៃ  បែងចែកជាពីរវគ្គសំខាន់ៗ គឺវគ្គទី១ ផ្តោតលើទ្រឹស្តី  និងវគ្គទី២ ជាការសង្កេត និងអនុវត្តជាក់ស្តែង  ដែលមានសិក្ខាកាមប្រមាណជាង ១០០ នាក់ បានចូលរួមទទួលយកវគ្គបណ្តុះបណ្តាលនេះ។

More to enjoy