ពិធីប្រគល់ធុងបែកចែកសំរាមជូនដល់សាលារៀននៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ​ ក្រោមកិច្ចសហការជាមួយ  ក្រសួងបរិស្ថាន  ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ធុងបែងចែកសំរាមចំនួន ៥០ធុង មានចំនួនសរុប ១៣០ ប្រឡោះ  ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ  ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

កិច្ចសហការនេះ  ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀន  ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ  មិនអាចកែច្នៃ និងសំណល់សរីរាង្គ  ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ។ ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយនិងអនុវត្តល្អនៅគេហដ្ឋានរបស់ពួកគេ។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានមានប្រសាសន៍ក្នុងពិធីថា «កិច្ចសហការនាថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកលរបស់កូកា-កូឡា ដែលមានឈ្មោះថា «ពិភពលោកគ្មានសំរាម»  ដែលអនុវត្តតាមសរសរស្តម្ភ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ» ។  លោកបានបន្តទៀតថា  ក្រុមហ៊ុនកំពុងព្យាយាមគ្រប់សកម្មភាពដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឱ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ។  ជាសាក្ខីភាពនៃការសម្រេចបាននូវមួយជំហានទៀតរបស់ក្រុមហ៊ុនចំពោះគោលដៅជាសាកលរបស់យើង  ក្នុងឆ្នាំ២០២០នេះ  យើងនឹងចេញលក់ទឹកពិសាដាសានីចំនុះ ៣៥០ មីលីលីត្រ ដែលសំបកដបវេចខ្ចប់ទឹកពិសាចំណុះនេះ  ផលិតពីប្លាស្ទិកកែច្នៃរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា»។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន  ក៏បានថ្លែងចំពោះកិច្ចសហការនេះថា  «ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់  រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។  ក្នុងន័យនេះ  ការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការសាមគ្គីរបស់វិស័យឯកជនចំពោះបរិស្ថានកម្ពុជា។  ខ្ញុំជឿជាក់ថា  កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល  ដោយមានការចូលរួមពីវិស័យឯកជន   ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង»។

ក្រោមគម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះ  ក្រុមហ៊ុនកូកា-កូឡា និងដៃគូសហការទាំងអស់ បានរួមគ្នាផ្តល់ធុងបែកចែកសំរាមជាង៨០០ធុង និងសារបំផុសស្មារតីស្រលាញ់បរិស្ថានរាប់រយផ្ទាំង ជូនដល់សាលារៀន និងសហគមន៍នៅទូទាំងប្រទេស។  បន្ទាប់ពីកម្មវិធីថ្ងៃនេះ  នៅមានធុងសំរាមចំនួនជាង ២០០ ទៀត  កំពុងតែផលិតទុកសម្រាប់ផ្តល់ជូនសាលារៀន និងសហគមន៍ ក្នុងឆ្នាំ២០២០នេះ។

More to enjoy