អនាគតនៃប្រជាជនក្រុងបានលុង៖ អាទិភាពចុងក្រោយក្នុងការទទួលបានទឹកស្អាតប្រើប្រាស់

គម្រោងប៉មចម្រោះទឹកស្អាតស្វ័យប្រវត្តិ & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក «AquaTower-AquaSan» បន្តអនុវត្តនៅតំបន់ជនបទដាច់ស្រយាល នៃខេត្តរតនៈគិរី បានផ្តល់ផលប្រយោជន៏ដល់ប្រជាសហគមន៏ប្រមាណជា៨០០គ្រួសារ។ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនៈគិរី និងលោក រស់ សោភា តំណាងក្រុមហ៊ុនកូកា-កូឡា ក្នុងបរិវេណអន្តេវាសិកដ្ឋានក្រុងបានលុង ខេត្តរតនៈគិរី។​

នេះជាប៉មចម្រោះទឹកស្អាតទី២៧ បើគិតចាប់តាំងពីឆ្នាំ២០១៦  ដែលបានដំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា  ដោយក្រុមហ៊ុនកូកា-កូឡា ក្នុងគោលដៅផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតដល់សហគមន៍ និងប្រជាពលដ្ឋដែលខ្វះខាតទឹកស្អាតពិសា និងប្រើប្រាស់ ក៏ដូចជាសុខុមាលភាព បន្ទប់ទឹកស្អាតក្នុងសាលារៀន។

សូមជម្រាបជូនថា ប៉មចម្រោះទឹកស្អាតនេះមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានជាង ១០០០លីត្រ ក្នុងមួយម៉ោង ដែលបំពាក់ដោយប្រព័ន្ធចម្រោះ Ultra-Filtration technology របស់សហរដ្ឋអាមេរិក  និងផ្គុំដោយក្បាលរ៉ូបីណេទឹកចំនួន៦  ប្រព័ន្ធអនាម័យសាប៊ូលាងដៃចំនួន៣  ក៏ដូចជាម៉ាស៊ីនលាងជម្រះបន្ទប់ទឹកហៅថា AquaSan ដើរដោយប្រព័ន្ធសូឡា   ដែលអាចលាងសំអាតបន្ទប់ទឹកបានយ៉ាងងាយស្រួល។  អង្គការមូលនិធិ Planet Water នឹងធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ រាប់ចាប់ពីថ្ងៃដំឡើង   ដោយផ្តោតទៅលើការត្រួតពិនិត្យគុណភាព  សុវត្ថិភាពទឹក។

លោក រស់ សោភា នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)​បាន​មានប្រសាសន៍ នៅក្នុង​ពិធីសម្ពោធប៉មចម្រោះទឹកស្អាតនោះថា គម្រោងនេះ គឺជាផ្នែកមួយនៃគោលដៅនិរន្តរភាពជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោក  ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship» ដែលមានឆន្ទៈព្រមជាមួយនឹងការប្តេជ្ញាខ្ពស់ចំពោះសកម្មភាពចម្បង ៣ គឺ  សន្សំសំចៃទឹកក្នុងខ្សែសង្វាក់ផលិតកម្ម  ធ្វើប្រព្រឹត្តកម្មចម្រោះសំណល់រាវមុននឹងបង្ហូរបញ្ចេញទៅប្រភពទឹកសារធារណៈ  និងប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញនូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ  ដែលស្មើនឹងចំនួនតំណក់ទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង។ ជាសាក្ខីភាពនៃការសម្រេចបានពីមួយជំហ៊ានទៀតទៅមួយជំហ៊ាននៃគោលដៅជាសាកលរបស់យើង  ក្នុងរោងចក្រផលិតភេសជ្ជៈរបស់យើងកំពុងអនុវត្តយុទ្ធសាស្រ្តសន្សំសំចៃទឹកក្នុងផលិតកម្ម  យើងមានអាងប្រព្រឹត្តកម្មចម្រោះសំណល់រាវ ដែលត្រីអាចរស់នៅបានបន្ទាប់ពីច្រោះរួច  ហើយយើងបានផ្តល់ទឹកស្អាតអាចពិសាភ្លាមៗជូនដល់សហគមន៍តាមរយៈ AquaTower ដែលជាប៉ចម្រោះទឹកស្អាតដូចដែលយើងបានឃើញនេះ។

More to enjoy