ប្រវត្តិរបស់ក្រុមហ៊ុន CBCL
ភេសជ្ជៈ Coca-Cola ប្រភេទដបត្រូវបាននាំចូលមកលក់ក្នុងប្រទេសកម្ពុជាជាលើកដំបូងតាំងពីដើមទសវត្សរ៍ឆ្នាំ1960 មកម៉្លេះ ប៉ុន្តែក្រុមហ៊ុនភេសជ្ជៈកម្ពុជាទើបតែចាប់ផ្តើមផលិតភេសជ្ជៈដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងដ៏ពេញនិយមនេះ នៅប្រទេសកម្ពុជានៅក្នុងឆ្នាំ1993 ប៉ុណ្ណោះ ដោយ រោងចក្ររបស់យើងមានទីតាំងស្ថិតនៅលើច្រាំងទន្លេសាប ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រោងចក្រដំបូងគេនេះបានផលិតភេសជ្ជៈដែលមានម៉ាកយីហោដ៏ល្បីបំផុតរបស់យើង ចំនួន 3ប្រភេទគឺ Coke, Fanta និង Sprite ដែលជាប្រភេទភេសជ្ជៈកំប៉ុង បន្ទាប់មកទៀត យើងបាន
វិនិយោគបន្ថែមនូវទឹកប្រាក់ចំនួន 30 លានដុល្លារ ដើម្បីកែលម្អរោងចក្ររបស់យើង និងធ្វើការដំឡើងខ្សែសង្វាក់ផលិតកម្មថ្មីនៅក្នុងឆ្នាំ2008 ដើម្បីផលិតជាដបប្លាស្ទិក PET បន្ថែមទៀត។
ចាប់តាំងពីឆ្នាំ2014 មកយើងបានពង្រីកអាជីវកម្មឱ្យកាន់តែទូលំទូលាយតាមរយៈការផលិត
ភេសជ្ជៈជាច្រើនមុខបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរសជាតិថ្មីៗរបស់ប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន ក្រុមហ៊ុនរបស់យើងបានផលិតម៉ាកផ្សេងៗទៀត ដូចជា Aquarius, Dasani, Fuze Tea, Schweppes, Predator ក៏ដូចជាផលិតផលផ្សេងៗជាច្រើនទៀតផងដែរ។
តាមរយៈការវិនិយោគលើការសាងសង់រោងចក្រផលិតភេសជ្ជៈថ្មីដែលមានតម្លៃ 100លានដុល្លារអាមេរិក របស់យើង ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ2015 ហើយរោងចក្រចាស់របស់យើងត្រូវបានផ្លាស់ប្ដូរទៅជាការិយាល័យថ្មីរបស់ក្រុមហ៊ុនវិញ។
រោងចក្រថ្មីរបស់យើងដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជារោងចក្រផលិតដ៏ទំនើបបំផុត និងរចនាតាមបែបមេត្រីភាពបរិស្ថានក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវបរិយាកាសការងារដ៏ល្អប្រសើរសម្រាប់បុគ្គលិកមកពីមជ្ឈដ្ឋានចម្រុះ និងមានទេពកោសល្យខ្ពស់។ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជាដែលគ្របដណ្តប់នៅលើផ្ទៃដីទំហំជាង 2.5 ហិកតា នៅលើដំបូលរោងចក្រថ្មីរបស់យើង អាចផ្គត់ផ្គង់ថាមពលបានប្រមាណ 1 ភាគ 3 នៃតម្រូវការថាមពលសរុបរបស់យើង ចំណែកលក្ខណៈពិសេសផ្នែកបរិស្ថានសំខាន់ៗផ្សេងទៀតវិញនោះ គឺធានាថា យើងអាចកាត់បន្ថយបានជាអតិបរិមានូវផលប៉ះពាល់ផ្នែកបរិស្ថានពីដំណើរការផលិតកម្មរបស់យើង។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកកំពុងបម្រើការងារផ្ទាល់ចំនួនជាង 900នាក់ ហើយក៏ជាក្រុមហ៊ុនជោគជ័យបំផុតដែលមានការប្ដេជ្ញាចិត្តរយៈពេលវែងច្បាស់លាស់នៅក្នុងការចូលរួមសម្រេចឱ្យបាននូវភាពជោគជ័យ និងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះដែរ យើងគឺជាក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតបំផុតមួយនៅក្នុងព្រះរាជាណាចក្រ
កម្ពុជា ដែលមិនត្រឹមតែចំពោះផលិតផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រតិបត្តិការរបស់យើងផងដែរ ហើយយើងគឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅរកប្រព័ន្ធឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍អាជីវកម្មប្រើប្រាស់ថាមពលផ្សេងទៀត ដើម្បីធ្វើបដិវត្តន៍វិធីសាស្រ្តធ្វើការរបស់យើង។
ក្នុងនាមជាក្រុមហ៊ុនមួយ យើងពិតជាមានមោទនភាពបំផុតចំពោះសមិទ្ធផលដែលយើងសម្រេចបាននៅក្នុងរយៈពេល 6 ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែសមិទ្ធផលទាំងនេះគ្រាន់តែចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។ យើងនឹងបន្តកំណត់ទិសដៅប្រកបដោយមហិច្ឆិតារបស់យើង ដែលមិនត្រឹមតែសម្រាប់ដំណើរការអាជីវកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការធ្វើដំណើររបស់យើងឆ្ពោះទៅរកពិភពលោកគ្មានសំរាម ការបង្កើនចំនួនបុគ្គលិកស្រ្តី ការទទួលបាននូវទឹកស្អាតកាន់តែទូលំទូលាយ និងការផ្លាស់ប្តូរសេដ្ឋកិច្ចឆ្ពោះទៅប្រព័ន្ធឌីជីថល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូលផងដែរ។