ក្រុមហ៊ុន Swire Coca-Cola ទិញយកក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡានៅកម្ពុជាបានសម្រេចជាផ្លូវការហើយ 

ការពង្រីកវិសាលភាពអាជីវកម្ម ចូលតំបន់អាស៊ីអាគ្នេយ៍ 

 

 

ហុងកុង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Swire Coca-Cola Limited ជាបុត្រសម្ព័ន្ធនៅក្រោមការគ្រប់គ្រងកាន់កាប់ទាំងស្រុង​របស់ក្រុមហ៊ុន Swire Pacific Limited (HKSE: 00019/00087) បានប្រកាសនៅថ្ងៃនេះ អំពីការបញ្ចប់បែបបទនីតិវិធីជាស្ថាពរក្នុងការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធកូកា-កូឡា ដែលផលិតនិងចែកចាយនៅកម្ពុជា។ Swire Coca-Cola នឹងទទួលកាន់កាប់សិទ្ធិជាម្ចាស់ក្រុមហ៊ុន Cambodia Beverage Company Ltd. និងចាប់ផ្តើមដឹកនាំអាជីវកម្មពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២​ តទៅ។  

ការទិញយកក្រុមហ៊ុននេះ ជាការបោះជំហានដំបូងរបស់ក្រុមហ៊ុន Swire Coca-Cola ចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកអាជីវកម្មក្នុងតំបន់ថ្មីមួយទៀត។​ ការបញ្ចប់ការទិញលក់ជាស្ថាពរនេះ ក៏ឆ្លុះបញ្ចាំងនូវចក្ខុវិស័យក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន Swire Coca-Cola ចូលក្នុងតំបន់ដែលពោរពេញទៅដោយភាពរីកចម្រើន និងសក្តានុពល។ ស្របពេលជាមួយគ្នានេះ បុគ្គលិកជាង ៩០០នាក់ ទទួលបានការស្វាគមន៍ចូលជាសមាជិកក្រុមការងាររបស់ក្រុមហ៊ុនSwire Coca-Cola។  

 

លោក Patrick Healy ប្រធានក្រុមហ៊ុន Swire Coca-Cola បានមានប្រសាសន៍ថា “ការបញ្ចប់កិច្ចព្រមព្រៀងទិញលក់ជាស្ថាពរនៅកម្ពុជា គឺជាការបោះជំហានដ៏ធំដំបូងបំផុត សម្រាប់ក្រុមហ៊ុន Swire Coca-Cola ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃធ្វើការជាមួយនឹងក្រុមការងារថ្មី ហើយក៏មានក្តីរំភើបចំពោះសន្ទុះនៃភាពរីកចម្រើននៃទីផ្សារភេសជ្ជៈនៅកម្ពុជា។ យើងមានភាពជឿជាក់ជាវិជ្ជមាន ចំពោះសក្តានុពល និងការរីកចម្រើនរបស់ក្រុមហ៊ុន Swire Coca-Cola នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។” 

លោកស្រី Karen So អគ្គនាយកក្រុមហ៊ុន Swire Coca-Cola បានលើកឡើងថា “យើងមានភាពសោមនស្សរីករាយដែលបានទិញយកក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡានៅកម្ពុជាបានជាផ្លូវការ។ តាមរយៈបទពិសោធន៍របស់យើងលើផ្នែកពាណិជ្ជកម្ម ទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបម្រើអតិថិជន និងបច្ចេកវិទ្យាឌីជីថលនៅក្នុងតំបន់ផ្សេងៗដែលយើងកំពុងធ្វើអាជីវកម្ម បូករួមជាមួយសមត្ថភាពជំនាញរបស់ក្រុមការងារនៅកម្ពុជាផ្ទាល់ យើង​នឹង​បន្ត​ផ្គត់ផ្គង់តាម​តម្រូវ​ការ​របស់អតិថិជន និងអ្នកញ៉ាំនៅ​កម្ពុជា ​ប្រកបដោយ​ប្រសិទ្ធភាពជា​វិជ្ជមាន​ក្នុង​សហគមន៍មួយនេះ។” 

 “ក្រុមហ៊ុន Swire Coca-Cola ជាក្រុមហ៊ុនផលិតនិងចែកចាយយុទ្ធសាស្ត្រមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនកូកា-កូឡា ហើយក្រុមហ៊ុននេះដែរមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចិន និងផ្នែកខ្លះនៃភាគខាងលិចសហរដ្ឋអាមេរិក។ ​ យើងមានជំនឿចិត្តថា​ ក្រុមហ៊ុន​ Swire Coca-Cola​ មានឆន្ទៈ និងសមត្ថភាពក្នុងការពន្លឿនភាពរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។” នេះ បើតាមការលើកឡើងរបស់ លោកស្រី Claudia Lorenzo ប្រធានក្រុមហ៊ុនកូកា-កូឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិកខាងត្បូង។ 

More to enjoy