ពិធីប្រគល់ធុងបែកចែកសំរាមជូនដល់សាលារៀននៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រោមកិច្ចសហការជាមួយ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ធុងបែងចែកសំរាមចំនួន ៥០ធុង មានចំនួនសរុប ១៣០ ប្រឡោះ ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀន ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ មិនអាចកែច្នៃ និងសំណល់សរីរាង្គ ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ។ ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយនិងអនុវត្តល្អនៅគេហដ្ឋានរបស់ពួកគេ។
លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានមានប្រសាសន៍ក្នុងពិធីថា «កិច្ចសហការនាថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកលរបស់កូកា-កូឡា ដែលមានឈ្មោះថា «ពិភពលោកគ្មានសំរាម» ដែលអនុវត្តតាមសរសរស្តម្ភ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ» ។ លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងព្យាយាមគ្រប់សកម្មភាពដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឱ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ។ ជាសាក្ខីភាពនៃការសម្រេចបាននូវមួយជំហានទៀតរបស់ក្រុមហ៊ុនចំពោះគោលដៅជាសាកលរបស់យើង ក្នុងឆ្នាំ២០២០នេះ យើងនឹងចេញលក់ទឹកពិសាដាសានីចំនុះ ៣៥០ មីលីលីត្រ ដែលសំបកដបវេចខ្ចប់ទឹកពិសាចំណុះនេះ ផលិតពីប្លាស្ទិកកែច្នៃរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា»។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ក៏បានថ្លែងចំពោះកិច្ចសហការនេះថា «ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ក្នុងន័យនេះ ការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការសាមគ្គីរបស់វិស័យឯកជនចំពោះបរិស្ថានកម្ពុជា។ ខ្ញុំជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីវិស័យឯកជន ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង»។
ក្រោមគម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះ ក្រុមហ៊ុនកូកា-កូឡា និងដៃគូសហការទាំងអស់ បានរួមគ្នាផ្តល់ធុងបែកចែកសំរាមជាង៨០០ធុង និងសារបំផុសស្មារតីស្រលាញ់បរិស្ថានរាប់រយផ្ទាំង ជូនដល់សាលារៀន និងសហគមន៍នៅទូទាំងប្រទេស។ បន្ទាប់ពីកម្មវិធីថ្ងៃនេះ នៅមានធុងសំរាមចំនួនជាង ២០០ ទៀត កំពុងតែផលិតទុកសម្រាប់ផ្តល់ជូនសាលារៀន និងសហគមន៍ ក្នុងឆ្នាំ២០២០នេះ។